ដោយ សេក បណ្ឌិត
2011-03-03
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានសម្ដែងក្ដីព្រួយបារម្ភលើវិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលនៅតែវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរទៅៗ និងមានផលប៉ះពាល់កាន់តែខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋស្ទើរគ្រប់មជ្ឈដ្ឋានក្នុងប្រទេស។
RFA/Ouk Savborey
អ្នកភូមិនៅតំបន់បឹងកក់ ដុតកង់ឡានតវ៉ាប្រឆាំងនឹងក្រុមហ៊ុនស៊ូកាគូ ដែលបានបូមដីលុបបឹង បណ្ដាលឲ្យទឹកជន់លិចផ្ទះពួកគាត់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០។
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋកម្ពុជា ដែលស្ថិតក្នុងជម្លោះដីធ្លីបានបាត់បង់ពេលវេលាស្ទើរតែទាំងស្រុង ក្នុងការប្រកបរបរអាជីវកម្មចិញ្ចឹមជីវិត ដោយសារតែរវល់នឹងដើរតវ៉ាស្វែងរកយុត្តិធម៌។
អង្គការសិទ្ធិមនុស្សដែលធ្វើការឃ្លាំមើលការគោរពសិទ្ធិមនុស្ស បានកត់សម្គាល់ឃើញថា នៅឆ្នាំ២០១០ និងដើមឆ្នាំ២០១១នេះ ការរំលោភសិទ្ធិមនុស្សដែលផ្ដើមចេញពីជម្លោះដីធ្លី និងផលប៉ះពាល់ដោយសារវិបត្តិដីធ្លីនេះ មានចំនួនកើនឡើងគួរព្រួយបារម្ភ។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី២ ខែមីនា ថា ចំនួនករណីជម្លោះដីធ្លីមិនជាកើនឡើងប៉ុន្មានទេ ប៉ុន្តែបើគេពិនិត្យមើលពីចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លីនៅឆ្នាំ២០១០ កន្លងមក មានចំនួនកើនឡើងជាបន្តបន្ទាប់មកដល់ដើមឆ្នាំ២០១១នេះ។
របាយការណ៍ជម្លោះដីធ្លីដែលអង្គការអាដហុក បានស្រង់នៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១០ កន្លងមក មានចំនួន ១៩៨ករណី ក្នុងនោះមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានជិត ៤ម៉ឺនគ្រួសារ ហើយពលរដ្ឋដែលចេញមុខតវ៉ា ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនមាន ចំនួន ១២៨នាក់ ក្នុងនោះត្រូវគេដោះលែងមកវិញបាន ៧នាក់។ នៅក្នុងដើមឆ្នាំ២០១១នេះ មានករណីជម្លោះដីធ្លីថ្មីៗចំនួនជាង ១០ករណីថែមទៀត។
លោក ចាន់ សុវ៉េត មានប្រសាសន៍ទៀតថា ៖ «ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅក្នុងស្រុកខ្មែរបច្ចុប្បន្នឃើញថា មានភាពស្មុគស្មាញច្រើន ដោយសារថា អ្នកដែលប្រព្រឹត្តបទល្មើសរឿងដីធ្លីហ្នឹង គឺជាអ្នកជិតស្និទ្ធជាមួយនឹងមន្ត្រីរដ្ឋាភិបាល»។
លោក ចាន់ សុវ៉េត បន្តថា រាល់ជម្លោះដីធ្លីទាំងឡាយ ភាគច្រើនកើតចេញពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប្រគល់ឲ្យទៅក្រុមហ៊ុនឯកជន ដោយមិនបានសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ក្នុងការដោះស្រាយសំណងផលប៉ះពាល់ មិនបានឆ្លើយតបនឹងតម្រូវការរបស់ជនរងគ្រោះ ឬសំណងជាទឹកប្រាក់នោះមានចំនួនតិចតួចមិនសមស្របតាមស្ថានភាពតម្លៃដីនៅលើទីផ្សារសេរីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
លោកមានប្រសាសន៍បន្តថា ៖ «ការដោះស្រាយនេះមិនមែនជាការដោះស្រាយដោយចិរភាពទេ យន្តការនៃការដោះស្រាយនេះគ្រាន់តែបណ្ដោះអាសន្នទេ គ្រាន់តែទុកឱកាសឲ្យក្រុមហ៊ុន ឬក៏ឈ្មួញមានអំណាចហ្នឹងមានឱកាសធ្វើលើដីនោះតែម្ដង រីឯអ្នកក្រីក្ររងផលប៉ះពាល់នោះ ការដោះស្រាយមិនសមស្របមិនអាចឲ្យគាត់ទទួលយកបាន»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងដែរថា អង្គការលោកបានធ្វើរបាយការណ៍ស្ដីពីបញ្ហាជម្លោះដីធ្លីដែលស្រង់ពីខេត្តក្រុងចំនួន១២ នៅចុងឆ្នាំ២០១០ កន្លងមកមាន ១០០ករណី និងមានចំនួនប្រជាពលរដ្ឋជាង ៨.០០០គ្រួសារ ដែលកំពុងមានការជំពាក់ក្នុងជម្លោះដីធ្លី និងមាន ៣៧នាក់ ដែលកំពុងជាប់ឃុំខ្លួន។ ក្រុមគ្រួសារអ្នកមានជម្លោះដីធ្លីទាំងនេះ ពួកគាត់កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ។
លោក អំ សំអាត បញ្ជាក់បន្ថែម ៖ «បានន័យថា ពួកគាត់ប្រឈមមុខនឹងបញ្ហាផ្សេងៗ ដូចជាគេអាចប្ដឹងផ្ដល់តាមផ្លូវពន្ធនាគារ ឬរងការគំរាមកំហែង ហើយទី២ ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារដោយសារតែការពារផលប្រយោជន៍របស់ខ្លួនមិនបានប្រកបមុខរបរអី ហើយអ៊ីចឹងគាត់ត្រូវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចគ្រួសារទៀត។ អ៊ីចឹងយើងឃើញថា បញ្ហានេះបានជះឥទ្ធិពលធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋក្នុងរឿងបញ្ហាដីធ្លីនេះ គឺអាចធ្វើឲ្យគាត់ហ្នឹងធ្លាក់ខ្លួនកាន់តែក្រីក្រទៅ ដោយសារការបាត់បង់នូវដីធ្លី និងមិនបានប្រកបមុខរបរ ហើយម្យ៉ាងទៀតដែលយើងឃើញកន្លងមក ប៉ះពាល់ដល់កូនចៅរបស់គាត់ដែលទៅសិក្សា»។
លោក អំ សំអាត បន្តថា វិបត្តិដីធ្លីនៅកម្ពុជា ប្រៀបបាននឹងជំងឺមហារីកមួយដែលពិបាកនឹងព្យាបាល ឬដោះស្រាយ ហើយកំពុងតែទាញឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងភាពក្រីក្ររើខ្លួនមិនរួច ហើយបញ្ហាវាកំពុងតែធ្វើដំណើរបញ្ច្រាសគ្នា និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។
អ្នកភូមិបឹងកក់ដែលកំពុងលង់ខ្លួនយ៉ាងជ្រៅក្នុងវិបត្តិដីធ្លីនៅពេលដែលមានក្រុមហ៊ុនមកអភិវឌ្ឍនៅតំបន់នោះថា បណ្ដាលឲ្យពួកគាត់បាត់បង់ដីធ្លី បាត់បង់ទីជម្រករស់នៅ និងបាត់បង់មុខរបរ។
អ្នកស្រី លី មុំ មានប្រសាសន៍ថា អ្នកភូមិបឹងកក់ ប្រមាណជាង ៤.០០០គ្រួសារ ដែលបានខិតខំកសាងជីវភាពពីបាតដៃទទេអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមានគ្រួសារ មានផ្ទះរស់សមរម្យ ប៉ុន្តែពេលនេះពួកគាត់កំពុងប្រឈមមុខនឹងការបាត់បង់ទៅវិញគួរឲ្យឈឺចាប់ ដោយសារផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
អ្នកស្រី លី មុំ បន្ថែមថា ៖ «យើងអត់បាននៅមើលថែកូនចៅនៅក្នុងផ្ទះ ផលលំបាកយើងចេះតែដើរ ដូចថា ស្វះស្វែងតវ៉ា ដែលយើងទៅតវ៉ា ឲ្យយើងដឹងពីការតស៊ូមតិហ្នឹង ខុស ឬត្រូវយ៉ាងម៉េចឲ្យគេសួរឲ្យយើង»។
អ្នកភូមិបឹងកក់ ក៏ដូចជាអ្នកមានជម្លោះដីធ្លីជាច្រើនកន្លែងទៀតក្នុងប្រទេសកម្ពុជា បានប្រឹងប្រែងស្វែងរកយុត្តិធម៌គ្រប់ច្រកល្ហកទាំងទឹកភ្នែក ដោយរងការវាយដំពីកម្លាំងសមត្ថកិច្ចបង្ក្រាបបាតុកម្មជាញឹកញាប់ ដោយសារតែចង់ការពារដីធ្លី និងទីជម្រករបស់ខ្លួន ៖ «ខ្ញុំឃើញថា វាមានភាពអយុត្តិធម៌ខ្លាំងណាស់ ពួកខ្ញុំមកទាមទារផ្ទះសម្បែងទេ តែត្រូវកងកម្លាំងប្រដាប់ដោយអាវុធដេញវ៉ៃដំប្រជាជន ហើយចាប់ប្រជាជនទៅទៀត គេដាក់កម្លាំងមកបង្ក្រាបដូចបង្ក្រាបចោរអ៊ីចឹង»។
តំណាងរាស្ត្រគណបក្សប្រឆាំង និងជាអ្នកនាំពាក្យ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ស្ថានភាពជម្លោះដីធ្លីមកដល់ឆ្នាំ២០១១នេះ កាន់តែមានសភាពរំជើបរំជួលគួរឲ្យបារម្ភ។ ជម្លោះដីធ្លីភាគច្រើនពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលផ្ដល់ឲ្យទៅក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនបរទេសជាច្រើនផ្សេងៗទៀត។
លោក យឹម សុវណ្ណ មានប្រសាសន៍បន្ត ៖ «ពុំមានការដោះស្រាយអ្វីក្រៅពីការប្រើអំពើហិង្សា ប្រើប្រាស់កម្លាំងប្រដាប់អាវុធ បង្ខំឲ្យប្រជាពលរដ្ឋធ្វើតាមសេចក្ដីសម្រេចដោយគ្មានការយល់ព្រម គ្មានការចូលរួមពីប្រជាពលរដ្ឋទេ គឺសេចក្ដីសម្រេចដែលរដ្ឋាភិបាលចាប់បង្ខំឲ្យធ្វើបែបនេះតែម្ដង»។
មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនវាតែងតែមានការផ្លាស់ប្ដូរ និងវិវឌ្ឍន៍ទៅមុខ។ ប៉ុន្តែជាញឹកញយគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនតែងតែមិនទទួលស្គាល់សកម្មភាពជាវិជ្ជមានរបស់រដ្ឋាភិបាលនោះទេ។
លោក ទិត សុធា បន្តដូច្នេះ ៖ «យើងគួរតែមើលពីភាពវិជ្ជមាន ប្រសើរជាងនិយាយតែពីចំណុចអវិជ្ជមានតិចតួច ដែលទន្ទឹមនឹងនោះរដ្ឋាភិបាលកំពុងតែពង្រឹងកំណែទម្រង់ដីធ្លី ហើយកំពុងយកចិត្តទុកដាក់បំផុតទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា»។
លោកបន្តថា កន្លងមកដីសម្បទានជាច្រើនក្រុមហ៊ុនហើយដែលពុំមានការអភិវឌ្ឍ ត្រូវបានរដ្ឋាភិបាលដកហូតយកមកវិញ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា តាមឯកសារដែលលោកទទួលបានបង្ហាញថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង ២០ម៉ឺនគ្រួសារ ក្នុងនោះមានពលរដ្ឋប្រហែលជាងមួយលាននាក់ កំពុងស្ថិតក្នុងជម្លោះដីធ្លី និងប្រឈមនឹងការបាត់បង់ក្នុងការប្រកបមុខរបរបានឡើយ៕ដីធ្លីបង្កបង្កើនផល បាត់បង់ទីជម្រក និងមិនអាចមានពេលគ្រប់គ្រាន់