ដោយ ហង្ស សាវយុត
2011-02-26
មន្ត្រីរដ្ឋាភិបាលខ្មែរបានរំពឹងទុកថាអង្គការយូណេស្កូ (UNESCO) នឹងអាចផ្ដល់ថវិកាបន្ទាន់មួយចំនួន ដើម្បីជួយស្រោចស្រង់លើដំណើរការជួសជុលដល់ប្រាសាទព្រះវិហារខ្មែរ ដែលបានទទួលរងការបែកបាក់ដោយសារសង្គ្រាមកាលពីពេលថ្មីៗ។
មន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិព្រះវិហារបានឲ្យដឹងថាតំណាងពិសេសរបស់អង្គការ (UNESCO) និងតំណាងអង្គទូតនានានៃបណ្ដាប្រទេសដែលជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃអង្គការបេតិកភណ្ឌពិភពលោកមួយចំនួន គ្រោងនឹងធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅពិនិត្យមើលការខូចខាតនៃប្រាសាទព្រះវិហារ នៅថ្ងៃទី១ ខែមិនា ខាងមុខនេះ។
គម្រោងគណៈប្រតិភូដែលនឹងទៅពិនិត្យមើលនោះ បន្ទាប់ពីប្រាសាទបូរាណដែលជាសម្បត្តិវប្បធម៌នៃបេតិកភណ្ឌពិភពលោកមួយនេះ បានទទួលរងការខូចខាតជាច្រើនកន្លែង ដោយសារគ្រាប់កាំភ្លើងធំរបស់ទាហានថៃ នៅពេលប្រយុទ្ធគ្នាជាមួយទាហានខ្មែរក្នុងរឿងជម្លោះព្រំដែននៅតំបន់ក្បែរនោះមក។
លោក ជុច ភឿន ប្រធានអាជ្ញាធរជាតិព្រះវិហារបានមានប្រសាសន៍កាលពីល្ងាចថ្ងៃសុក្រ ទី២៥ ខែកុម្ភៈថា លោកកូអីជិរ៉ូ ម៉ាតស៊ូយូរ៉ា (Koichiro Matsuura) ដែលជាតំណាងពិសេសរបស់អគ្គនាយកអង្គការយូណេស្កូ និងតំណាងប្រទេសជាសមាជិកគណៈកម្មការរបស់អង្គការបេតិកភណ្ឌមួយចំនួនទៀត មានគម្រោងនឹងទៅពិនិត្យមើលការខូចខាតនៃប្រាសាទព្រះវិហារដោយផ្ទាល់ភ្នែក ៖ "តាមគម្រោងគឺថ្ងៃទី១ ខែមិនា ហ្នឹងគឺនឹងហោះហើរទៅមានទាំងតំណាងពិសេសរបស់អង្គការ UNESCO ហ្នឹងហើយនិងអង្គទូតនានានៃបណ្ដាប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ត្រង់ចំនួនអង្គទូតនឹងអញ្ជើញទៅប៉ុន្មាននាក់យើងអត់ទាន់ដឹងទេ"។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានមានប្រសាសន៍ថាតំណាងពិសេសរបស់អង្គការ UNESCO ដែលមានគម្រោងអញ្ជើញទៅពិនិត្យមើលប្រាសាទព្រះវិហារនោះគឺនឹងធ្វើការងារផ្នែកការទូតច្រើនជាងការងារផ្នែកបច្ចេកទេស ៖ "ដែលឯកឧត្ដមអញ្ជើញមកតំណាងលោកជំទាវអគ្គនាយក (UNESCO ) ហ្នឹងគឺការងារទូតច្រើនជាងបច្ចេកទេស ដូចជាយើងបានដឹងដែលលោកអញ្ជើញមកហ្នឹងដើម្បីស្ទាបស្ទង់ស្ថានការណ៍នយោបាយរបៀបយ៉ាងម៉េច នៅក្នុងការងារដែលជាកាតព្វកិច្ចចែងនៅក្នុងអនុសញ្ញា ឆ្នាំ១៩៥៤ ក៏ដូចជាអនុសញ្ញា ឆ្នាំ១៩៧២ ស្ដីអំពីប្រសិទ្ធភាពនៃការងារអភិរក្សការពារនៃសម្បត្តិវប្បធម៌ ក៏ដូចជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះឯង"។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា លោក Koichiro Matsuura នឹងមកដល់ទីក្រុងភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ។ ការមកដល់នោះត្រូវបានគេរំពឹងថា យ៉ាងហោចណាស់ លោកមានគម្រោងជួបជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីផងដែរ។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុកថែរក្សា និងការពារប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក បានឲ្យដឹងថា នៅពេលដែលមានការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ចំនួន ៤ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដោយសាររឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារនោះ គឺទាហានថៃបានបាញ់កាំភ្លើងផ្លោងធុន១៥៥មីលីម៉ែត្រ ធុន១៣០មីលីម៉ែត្រ ១០៥មីលីម៉ែត្រ និងធុនគ្រាប់បែកចង្កោមផងចំនួនជាង ៤១០គ្រាប់ ចូលក្នុងតំបន់ប្រាសាទព្រះវិហារ បណ្ដាលឲ្យធ្នឹម, ខឿន និងថ្មប្រាសាទខ្លះត្រូវបំណែកគ្រាប់ផ្លោងមានស្នាមបាក់បែកតូចធំ និងប្រេះស្រាំរាប់ពាន់កន្លែង។
មន្ត្រីអាជ្ញាធរជាតិព្រះវិហាររំពឹងថា អង្គការយូណេស្កូនឹងអាចផ្ដល់ថវិកាជាបន្ទាន់មួយ ដើម្បីជួយស្រោចស្រង់លើដំណើរការជួសជុលដល់ប្រាសាទព្រះវិហារខ្មែរ ដែលបានទទួលរងការបែកបាក់ដោយសារសង្គ្រាម កាលពីពេលថ្មីៗ បើយោងទៅលើអនុសញ្ញាឆ្នាំ១៩៧២ ស្ដីអំពីប្រសិទ្ធភាពនៃការងារអភិរក្ស និងការពារសម្បត្តិវប្បធម៌ក៏ដូចជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នោះ៕
Source: RFA