ដោយ ឡេង ម៉ាលី
2010-12-05
រដ្ឋាភិបាលថៃកំពុងផ្ដល់ថវិកាដល់មន្ទីរអប់រំខេត្តរបស់ខ្លួន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំនួន៤ ដូចជាខេត្តសុរិន្ទ បុរីរម្យ ភាសាថៃហៅថាប៊ុរីរ៉័ម និងខេត្តស៊ីសាកេត ឱ្យរៀបចំកម្មវិធីបង្រៀនភាសាខ្មែរក្នុងប្រពន្ធអប់រំដល់សិស្ស ថ្នាក់មធ្យមសិក្សា។
គ្រូបង្រៀនកម្រិតមធ្យមសិក្សាចំនួនជាង ៤០នាក់ នៅខេត្តសុរិន្ទ ប្រទេសថៃ ចូលរួមវគ្គបណ្ដុះបណ្ដាលភាសាខ្មែរនៅមន្ទីរអប់រំខេត្តសុរិន្ទ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១០.
ចាងហ្វាងសាលារៀនប្រាសាទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត (Paichayan Chantakhet) មានប្រសាសន៍តាមទូរស័ព្ទថា វគ្គអប់រំគ្រូភាសាខ្មែរនេះ គឺធ្វើឡើងសម្រាប់ការបង្រៀនអក្សរខ្មែរ នៅតាមសាលារៀនចំនួន២៣ ក្នុងខេត្ត៣ ដែលមានខ្មែររស់នៅ គឺខេត្តសុរិន្ទ ខេត្តបុរីរម្យ ភាសាថៃហៅថាប៊ុរីរ៉័ម និងខេត្តស៊ីសាកេត ៖ "ឥឡូវនេះយើងបានចាប់អប់រំពួកគ្រូបង្រៀនទាំងអស់ ២៣សាលា បានមកប្រជុំបង្រៀនខាងអក្សរខ្មែរ។ ទំនាក់ទំនងខាងកម្ពុជា បានមកចាប់ដៃគ្នាខាងថៃនេះ បានមកបង្រៀនឱ្យចេះអក្សរខាងខ្មែរ"។
ប្រធានមជ្ឈមណ្ឌលភាសា និងវប្បធម៌ខ្មែរ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា (Boonruang Kajamary) មានប្រសាសន៍ វគ្គអប់រំគ្រូសម្រាប់បង្រៀនភាសាខ្មែរនេះ មានរយៈពេល ៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ត្រូវបានរៀបចំឡើងតាមកម្មវិធីរបស់មន្ទីរអប់រំខេត្តសុរិន្ទ ហើយទទួលថវិកាពីរដ្ឋាភិបាលថៃ។
លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍បញ្ជាក់បន្ថែមថា វគ្គអប់រំគ្រូ គឺធ្វើឡើងតាមកម្មវិធីមួយឈ្មោះថា "កម្មវិធីអប់រំភាសាខ្មែរ" របស់មជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដែលមានទិសដៅអប់រំសិស្សនៅក្នុងសាលាទាំងនោះឱ្យបានចេះដឹងអំពីអក្សរ និងវប្បធម៌ខ្មែរ។ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍បញ្ជាក់បន្ថែមថា កម្មវិធីអប់រំភាសាខ្មែរនៅតាមសាលានេះ គឺឋិតក្នុងកម្មវិធីអប់រំពហុភាសានៃក្រសួងអប់រំរបស់រដ្ឋាភិបាលថៃ។
លោកបន្តថា កម្មវិធីអប់រំភាសាខ្មែរនេះ គឺទើបតែចាប់ផ្ដើមដំណើរការនៅដើមខែធ្នូ ឆ្នាំ២០១០ ដែលទើបចាប់ផ្ដើមបណ្ដុះបណ្ដាលអំពីសៀវភៅក្បួនខ្នាតបង្រៀនអក្សរខ្មែរសម្រាប់គ្រូ។ នៅជំហានបន្ទាប់ មជ្ឈមណ្ឌលនឹងបង្កើតសៀវភៅសិក្សាភាសាខ្មែរ សម្រាប់សិស្សនៅតាមសាលារៀនក្នុងខេត្តទាំងនេះ។ លោក ប៊ុនរឿង ថ្លែងឱ្យដឹងដែរថា មជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ ទទួលបន្ទុកអនុវត្តគម្រោងកម្មវិធីអប់រំភាសាខ្មែរ នៅក្នុងខេត្តដូចជា នគររាជសីមា, ស៊ីសាកេត, បុរីរម្យ និងខេត្តសុរិន្ទ ៖ "គម្រោងការនេះជាគម្រោងការខាងសាលារៀនប្រាសាទវិទ្យាគារ បានបន្ទុកពីក្រសួងអប់រំមកដំណើរការបង្រៀនពហុភាសា ហើយមានគ្រោងការអប់រំគ្រូមកពីនគររាជសីមា បុរីរ៉័ម សុរិន្ទ ស៊ីសាកេតផង ពីរ បី បួនខេត្តនេះ។ យើងទទួលបន្ទុកកិច្ចការនេះ"។
បណ្ឌិតភាសានៅសកលវិទ្យាល័យសារៈខាម ក្នុងខេត្តសារៈខាម ប្រទេសថៃ លោក ប៉ាន់ញ៉ាត់ សាលី ដែលបានបើកបង្រៀនភាសាខ្មែរ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយមកចូលរួមបណ្ដុះបណ្ដាលគ្រូភាសាខ្មែរនៅក្នុងវគ្គនេះ បានថ្លែងថា លោករីករាយ និងគាំទ្រចំពោះការបង្រៀនភាសាខ្មែរ ដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដើម្បីឱ្យបានចេះដឹងអំពីភាសារបស់ខ្លួនឯង ៖ "ខ្ញុំគាំទ្រព្រោះចង់ឱ្យកូនចៅចេះដឹងភាសារបស់ខ្លួនឯងផង។ ទោះបីខ្មែរសុរិន្ទអាចនិយាយភាសាខ្មែរសុរិន្ទ តែអត់ចេះតួអក្សរ អត់ចេះអាន ហើយពាក្យខ្លះមិនចេះពាក្យខ្មែរខាងកម្ពុជាយើងផង"។
តំណាងគ្រូបង្រៀនមួយ មកពីស្រុកគោកខណ្ឌ ខេត្តស៊ីសាកេត ថ្លែងថា លោក សុភៀន ខាំវង់ (Supian Khamvong) មានការចាប់អារម្មណ៍ខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលភាសាខ្មែរនេះ ដែលជាការចាប់ផ្ដើមឱ្យលោកចេះអាន និងសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ ដូចខ្មែរនៅខាងកម្ពុជា។ នៅពេលជម្រាបសួរថា តើកម្មវិធីនេះនឹងត្រូវយកតាមភាសារបស់ខ្មែរសុរិន្ទ ឬតាមភាសានៅកម្ពុជាបច្ចុប្បន្ន។ លោក សុភៀន ថ្លែងថាត្រូវយកទាំងពីរ ៖ "ភាសាទំនាក់ទំនងរវាងប្រទេស ចង់ឱ្យមានការរៀនសូត្រដូចគ្នា ហើយភាសានិយាយតាមតំបន់ដូចជាខេត្តស៊ីសាកេត ខេត្តបុរីរ៉័ម ខេត្តអីជាប់គ្នាព្រំដែនថៃ-កម្ពុជាហ្នឹង ក៏ចង់ឱ្យអភិរក្សផងដែរ។ ចង់ឱ្យពង្រីកបន្ថែមភាសាខ្មែរ ដើម្បីងាយស្រួលទំនាក់ទំនងគ្នារវាងប្រទេស ហើយចងសម្ព័ន្ធមេត្រីភាពដ៏ល្អរវាងគ្នា និងគ្នា"។
វគ្គអប់រំបណ្ដុះបណ្ដាលគ្រូភាសាខ្មែរ សម្រាប់ថ្នាក់មធ្យមសិក្សាក្នុងប្រពន្ធសាលារដ្ឋនៅពេលនេះ ត្រូវបានលោកចាងហ្វាងវិទ្យាស្ថានប្រាសាទ លោក ផៃចៈយ៉ុន ចាន់តៈខេត ថ្លែងឱ្យដឹងថា គឺជាលើកទីមួយ។
ការបង្រៀនភាសាខ្មែរដល់ពលរដ្ឋខ្មែរ នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃកន្លងមក ត្រូវបានផ្ដួចផ្ដើមដោយលោក ឆៃមង្គល ឆ្លើមស៊ុកជិតស៊្រី ដែលធ្វើកម្មវិធីបង្រៀនភាសាខ្មែរនៅតាមភូមិ។ លោកបណ្ឌិត ប៉ាន់ញ៉ាត់ សាលី មានប្រសាសន៍ថា កម្មវិធីបង្រៀនភាសាខ្មែររបស់លោក ឆៃមុងគុល និងកម្មវិធីថ្មីនេះ មានលក្ខណៈស្រដៀងគ្នា ក៏ប៉ុន្តែការបង្រៀនភាសាខ្មែររបស់លោក ឆៃមុងគុល ជាការបង្រៀនដោយគម្រោងអង្គការក្រៅរដ្ឋាភិបាល ហើយកម្មវិធីបង្រៀនភាសាខ្មែរនៅសាលាមធ្យមសិក្សានេះ គឺជាកម្មវិធីក្នុងប្រពន្ធអប់រំរបស់រដ្ឋ ៖ "កម្មវិធីនេះគាំទ្រអាហារូបករណ៍លុយកាក់ដែលឱ្យមកហ្នឹង គឺពីខាងរដ្ឋាភិបាលថៃគេគាំទ្រមក ប៉ុន្តែលោក ឆៃមង្គល ជាក្រៅប្រព័ន្ធ។ កម្មវិធីដូចគ្នា តែអាស្រ័យតាមរយៈអាហារូបករណ៍ ដែលទទួលមក។ កម្មវិធីសិក្សាដូចគ្នាទាំងអស់"។
ព័ត៌មានដកស្រង់ពីគេហទំព័រមួយ ឈ្មោះថា រ៉េហ្វវើល (Refworld) ដែលចេញផ្សាយកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១០ បានបង្ហាញថា ជនជាតិភាគតិចខ្មែរ ដែលកំពុងរស់នៅក្នុងទឹកដីថៃ ដែលជាប់ព្រំដែនកម្ពុជា មានចំនួនជាង ១លាន ២សែននាក់។