ភ្នំពេញ៖ មន្ត្រីនគរបាលជាតិ ប្រមាណ ១២៤គ្រួសារ ដែលបច្ចុប្បន្នកំពុង ស្នាក់នៅក្នុងមណ្ឌលបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានផ្ទុះការតវ៉ាចំពោះ ក្រុមហ៊ុនផានអ៊ីម៉ិច ដោយចោទប្រកាន់ថា ក្រុមហ៊ុនមានបំណង ធ្វើរបងព័ទ្ធ អគារស្នាក់ នៅរបស់ពួកគាត់ ព្រមទាំងប្រើរូបភាព គំរាមកំហែងបំភិតបំភ័យ ប្រយោជន៍ដើម្បី បណ្តេញចេញ ដោយមិនចាំបាច់ ដោះស្រាយសំណូមពរ ដែលក្រុមគ្រួសារ នគរបាលទាមទារ នូវលក្ខខណ្ឌ មួយចំនួន។
កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១០ គ្រួសារមន្ត្រីនគរបាល ដែលស្នាក់នៅ អតីតសាលា នគរបាលប្រជាជន ឬ (បុរីកីឡា តាំងពីឆ្នាំ១៩៧៩) បាននាំគ្នាធ្វើការតវ៉ា ដល់សាលាខណ្ឌ៧មករា ក្នុងគោលបំណងសុំឱ្យ មានការដោះស្រាយ សម្រាប់ពួកគាត់ ដែលបានស្នាក់នៅលើអគារទាំង៨ ក្នុងមណ្ឌលបុរីកីឡា នូវបញ្ហាចំនួន២សំខាន់ គឺទី១ ស្នើសុំផ្ទះល្វែងជាន់ទី១ មាន ១២៤គ្រួសារ ចំនួន ២ម៉ឺន ដុល្លារក្នុងមួយគ្រួសារ។
លោក ងួន បូរ៉ា មន្ត្រីនគរបាលដែលមាន វត្តមានក្នុងការតវ៉ាបាននិយាយថា “ពួកយើង ខ្ញុំសុំឱ្យក្រុមហ៊ុនអនុញ្ញាតបានស្នាក់នៅផ្ទះ ជាន់ទី១ ក្រោយក្រុមហ៊ុនសាងសង់រួច ព្រម ទាំងឧបត្ថម្ភប្រាក់ចំនួន ២ម៉ឺនដុល្លារ សម្រាប់ គ្រួសារមន្ត្រីនគរបាល ១២៤គ្រួសារ”។ លោក បន្តថា សំណើនេះមិនទាន់ទាំងត្រូវបានដោះ ស្រាយផង ស្រាប់តែព្រឹកថ្ងៃទី២៦ ខែមករា លេចមុខបុរសម្នាក់ដែលស្គាល់ថា ជាអនុប្រធាន ភូមិ ឈ្មោះ ផែន រី ហៅ ដូង តំណាងឱ្យក្រុម ហ៊ុនផានអ៊ីម៉ិច បានទៅសម្លុតគំរាម គ្រួសារនគរបាល ដែលកំពុងស្នាក់នៅតាមបណ្តា អគារទាំង៨ ដោយអាការៈច្រឡោតថា“កុំ ចង់ខ្លាំង ក្រុមហ៊ុនឱ្យអ្វីយកទៅ ប្រយ័ត្នចេញ ទៅតែខ្លួនទទេ គ្មានសល់លិង្គ”។
ដោយការទទួលបាននូវពាក្យអសុរោះ បែបនេះ ក្រុមគ្រួសារនគរបាលទាំង១២៤ គ្រួសារ បានលើកគ្នាមកតវ៉ាដល់សាលាខណ្ឌ ៧មករា។ ជាលទ្ធផលលោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា បានត្រឹមពាំនាំសំណើ បញ្ជូនទៅលោកអភិបាល រាជធានីភ្នំពេញដើម្បី បន្តដោះស្រាយ។ ចំណែកឯភាគីក្រុមគ្រួសារ បានដាក់សំណូមពរ សូមឱ្យបញ្ឈប់ព័ទ្ធរបង ជុំវិញអគារទាំង៨ ក្នុងករណីមិនដោះស្រាយ បញ្ចប់, ទី២ សូមឱ្យបញ្ឈប់អំពើគំរាមកំហែង គ្រប់រូបភាពពីសំណាក់ក្រុមហ៊ុន ឬអាជ្ញាធរ និងទី៣ មិនអនុញ្ញាតឱ្យអាជ្ញាធរ ឬក្រុមហ៊ុន ជ្រើសតំណាងអ្នកតវ៉ាទាំង ១២៤ គ្រួសារ ដោយចិត្តឯង ព្រោះកន្លងមកតំណាងដែល ជ្រើសតែងតែក្បត់សមូហភាព។