3/3/54

វិបត្តិ​ដីធ្លី​​រីក​ដុះដាល​​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2011-03-03
អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​លើ​វិបត្តិ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នៅ​តែ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ទៅៗ និង​មាន​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស។

RFA/Ouk Savborey
អ្នក​ភូមិ​នៅ​តំបន់​បឹង​កក់ ដុត​កង់​ឡាន​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ស៊ូកាគូ ដែល​បាន​បូម​ដី​លុប​បឹង បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ផ្ទះ​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១០។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្ថិត​ក្នុង​ជម្លោះ​ដីធ្លី​បាន​បាត់បង់​ពេល​វេលា​ស្ទើរ​តែ​ទាំង​ស្រុង ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​ចិញ្ចឹម​ជីវិត ដោយសារ​តែ​រវល់​នឹង​ដើរ​តវ៉ា​ស្វែង​រក​យុត្តិធម៌។
អង្គការ​សិទ្ធិ​មនុស្ស​ដែល​ធ្វើការ​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ឆ្នាំ​២០១០ និង​ដើម​ឆ្នាំ​២០១១​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី និង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ដីធ្លី​នេះ មាន​ចំនួន​កើន​ឡើង​គួរ​ព្រួយ​បារម្ភ។
មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​២ ខែ​មីនា ថា ចំនួន​ករណី​ជម្លោះ​ដីធ្លី​មិន​ជា​កើន​ឡើង​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​គេ​ពិនិត្យ​មើល​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​២០១០ កន្លង​មក មាន​ចំនួន​កើន​ឡើង​ជា​បន្តបន្ទាប់​មក​ដល់​ដើម​ឆ្នាំ​២០១១​នេះ។
របាយការណ៍​ជម្លោះ​ដីធ្លី​ដែល​អង្គការ​អាដហុក បាន​ស្រង់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០ កន្លង​មក មាន​ចំនួន ១៩៨​ករណី ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មាន​ជិត ៤​ម៉ឺន​គ្រួសារ ហើយ​ពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​មាន​ ចំនួន ១២៨​នាក់ ក្នុង​នោះ​ត្រូវ​គេ​ដោះលែង​មក​វិញ​បាន ៧​នាក់។ នៅ​ក្នុង​ដើម​ឆ្នាំ​២០១១​នេះ មាន​ករណី​ជម្លោះ​ដីធ្លី​ថ្មីៗ​ចំនួន​ជាង ១០​ករណី​ថែម​ទៀត។
លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ទៀត​ថា ៖ «ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ខ្មែរ​បច្ចុប្បន្ន​ឃើញ​ថា មាន​ភាព​ស្មុគស្មាញ​ច្រើន ដោយសារ​ថា អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​រឿង​ដីធ្លី​ហ្នឹង គឺ​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល»។
លោក ចាន់ សុវ៉េត បន្ត​ថា រាល់​ជម្លោះ​ដីធ្លី​ទាំង​ឡាយ ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដោយ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់ មិន​បាន​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ជន​រងគ្រោះ ឬ​សំណង​ជា​ទឹក​ប្រាក់​នោះ​មាន​ចំនួន​តិចតួច​មិន​សមស្រប​តាម​ស្ថានភាព​តម្លៃ​ដី​នៅ​លើ​ទីផ្សារ​សេរី​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។
លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ការ​ដោះស្រាយ​នេះ​មិន​មែន​ជា​ការ​ដោះស្រាយ​ដោយ​ចិរភាព​ទេ យន្តការ​នៃ​ការ​ដោះស្រាយ​នេះ​គ្រាន់តែ​បណ្ដោះអាសន្ន​ទេ គ្រាន់តែ​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន ឬ​ក៏​ឈ្មួញ​មាន​អំណាច​ហ្នឹង​មាន​ឱកាស​ធ្វើ​លើ​ដី​នោះ​តែម្ដង រី​ឯ​អ្នក​ក្រីក្រ​រង​ផល​ប៉ះពាល់​នោះ ការ​ដោះស្រាយ​មិន​សមស្រប​មិន​អាច​ឲ្យ​គាត់​ទទួល​យក​បាន»។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ដែរ​ថា អង្គការ​លោក​បាន​ធ្វើ​របាយការណ៍​ស្ដីពី​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​ស្រង់​ពី​ខេត្ត​ក្រុង​ចំនួន​១២ នៅ​ចុង​ឆ្នាំ​២០១០ កន្លង​មក​មាន ១០០​ករណី និង​មាន​ចំនួន​ប្រជាពលរដ្ឋ​ជាង ៨.០០០​គ្រួសារ ដែល​កំពុង​មាន​ការ​ជំពាក់​ក្នុង​ជម្លោះ​ដីធ្លី និង​មាន ៣៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​ខ្លួន។ ក្រុម​គ្រួសារ​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំង​នេះ ពួកគាត់​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ។
លោក អំ សំអាត បញ្ជាក់​បន្ថែម ៖ «បាន​ន័យ​ថា ពួកគាត់​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ ដូចជា​គេ​អាច​ប្ដឹងផ្ដល់​តាម​ផ្លូវ​ពន្ធនាគារ ឬ​រង​ការ​គំរាមកំហែង ហើយ​ទី​២ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ដោយសារ​តែ​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​មិន​បាន​ប្រកប​មុខ​របរ​អី ហើយ​អ៊ីចឹង​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ទៀត។ អ៊ីចឹង​យើង​ឃើញ​ថា បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​រឿង​បញ្ហា​ដីធ្លី​នេះ គឺ​អាច​ធ្វើ​ឲ្យ​គាត់​ហ្នឹង​ធ្លាក់​ខ្លួន​កាន់​តែ​ក្រីក្រ​ទៅ ដោយសារ​ការ​បាត់បង់​នូវ​ដីធ្លី និង​មិន​បាន​ប្រកប​មុខ​របរ ហើយ​ម្យ៉ាង​ទៀត​ដែល​យើង​ឃើញ​កន្លង​មក ប៉ះពាល់​ដល់​កូនចៅ​របស់​គាត់​ដែល​ទៅ​សិក្សា»។
លោក អំ សំអាត បន្ត​ថា វិបត្តិ​ដីធ្លី​នៅ​កម្ពុជា ប្រៀប​បាន​នឹង​ជំងឺ​មហារីក​មួយ​ដែល​ពិបាក​នឹង​ព្យាបាល ឬ​ដោះស្រាយ ហើយ​កំពុង​តែ​ទាញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​រើ​ខ្លួន​មិន​រួច ហើយ​បញ្ហា​វា​កំពុង​តែ​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា និង​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។
អ្នក​ភូមិ​បឹងកក់​ដែល​កំពុង​លង់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​វិបត្តិ​ដីធ្លី​នៅ​ពេល​ដែល​មាន​ក្រុមហ៊ុន​មក​អភិវឌ្ឍ​នៅ​តំបន់​នោះ​ថា បណ្ដាល​ឲ្យ​ពួកគាត់​បាត់បង់​ដីធ្លី បាត់បង់​ទី​ជម្រក​រស់​នៅ និង​បាត់បង់​មុខ​របរ។
អ្នកស្រី លី មុំ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បឹងកក់ ប្រមាណ​ជាង ៤.០០០​គ្រួសារ ដែល​បាន​ខិតខំ​កសាង​ជីវភាព​ពី​បាតដៃ​ទទេ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មាន​គ្រួសារ មាន​ផ្ទះ​រស់​សមរម្យ ប៉ុន្តែ​ពេល​នេះ​ពួកគាត់​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទៅ​វិញ​គួរ​ឲ្យ​ឈឺ​ចាប់ ដោយសារ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។
អ្នកស្រី លី មុំ បន្ថែម​ថា ៖ «យើង​អត់​បាន​នៅ​មើល​ថែ​កូន​ចៅ​នៅ​ក្នុង​ផ្ទះ ផល​លំបាក​យើង​ចេះ​តែ​ដើរ ដូច​ថា ស្វះស្វែង​តវ៉ា ដែល​យើង​ទៅ​តវ៉ា ឲ្យ​យើង​ដឹង​ពី​ការ​តស៊ូ​មតិ​ហ្នឹង ខុស ឬ​ត្រូវ​យ៉ាង​ម៉េច​ឲ្យ​គេ​សួរ​ឲ្យ​យើង»។
អ្នកភូមិ​បឹងកក់ ក៏​ដូច​ជា​អ្នក​មាន​ជម្លោះ​ដីធ្លី​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រឹងប្រែង​ស្វែង​រក​យុត្តិធម៌​គ្រប់​ច្រកល្ហក​ទាំង​ទឹក​ភ្នែក ដោយ​រង​ការ​វាយ​ដំ​ពី​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​ជា​ញឹកញាប់ ដោយសារ​តែ​ចង់​ការពារ​ដីធ្លី និង​ទី​ជម្រក​របស់​ខ្លួន ៖ «ខ្ញុំ​ឃើញ​ថា វា​មាន​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់ ពួក​ខ្ញុំ​មក​ទាមទារ​ផ្ទះ​សម្បែង​ទេ តែ​ត្រូវ​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ​ដេញ​វ៉ៃ​ដំ​ប្រជាជន ហើយ​ចាប់​ប្រជាជន​ទៅ​ទៀត គេ​ដាក់​កម្លាំង​មក​បង្ក្រាប​ដូច​បង្ក្រាប​ចោរ​អ៊ីចឹង»។
តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ស្ថានភាព​ជម្លោះ​ដីធ្លី​មក​ដល់​ឆ្នាំ​២០១១​នេះ កាន់​តែ​មាន​សភាព​រំជើប​រំជួល​គួរ​ឲ្យ​បារម្ភ។ ជម្លោះ​ដីធ្លី​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ផ្សេងៗ​ទៀត។
លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ត ៖ «ពុំ​មាន​ការ​ដោះស្រាយ​អ្វី​ក្រៅ​ពី​ការ​ប្រើ​អំពើ​ហិង្សា ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​តាម​សេចក្ដី​សម្រេច​ដោយ​គ្មាន​ការ​យល់​ព្រម គ្មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ គឺ​សេចក្ដី​សម្រេច​ដែល​រដ្ឋាភិបាល​ចាប់​បង្ខំ​ឲ្យ​ធ្វើ​បែប​នេះ​តែម្ដង»។
មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​វា​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ និង​វិវឌ្ឍន៍​ទៅ​មុខ។ ប៉ុន្តែ​ជា​ញឹកញយ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​តែងតែ​មិន​ទទួល​ស្គាល់​សកម្មភាព​ជា​វិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ​ទេ។
លោក ទិត សុធា បន្ត​ដូច្នេះ ៖ «យើង​គួរ​តែ​មើល​ពី​ភាព​វិជ្ជមាន ប្រសើរ​ជាង​និយាយ​តែ​ពី​ចំណុច​អវិជ្ជមាន​តិចតួច ដែល​ទន្ទឹម​នឹង​នោះ​រដ្ឋាភិបាល​កំពុង​តែ​ពង្រឹង​កំណែ​ទម្រង់​ដីធ្លី ហើយ​កំពុង​យក​ចិត្ត​ទុកដាក់​បំផុត​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា»។
លោក​បន្ត​ថា កន្លង​មក​ដី​សម្បទាន​ជា​ច្រើន​ក្រុមហ៊ុន​ហើយ​ដែល​ពុំ​មាន​ការ​អភិវឌ្ឍ ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​យក​មក​វិញ។
លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា តាម​ឯកសារ​ដែល​លោក​ទទួល​បាន​បង្ហាញ​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០​ម៉ឺន​គ្រួសារ ក្នុង​នោះ​​មាន​ពលរដ្ឋ​ប្រហែល​ជាង​មួយ​លាន​នាក់ កំពុង​ស្ថិត​ក្នុង​ជម្លោះ​ដីធ្លី និង​ប្រឈម​នឹង​ការ​បាត់បង់​ក្នុង​ការ​ប្រកប​មុខ​របរ​បាន​ឡើយ៕ដីធ្លី​បង្កបង្កើន​ផល បាត់បង់​ទី​ជម្រក និង​មិន​អាច​មាន​ពេល​គ្រប់គ្រាន់​