26/2/54

UNESCO ទៅ​ពិនិត្យ​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​ទី១ ខែ​មិនា

ដោយ ហង្ស សាវយុត
2011-02-26
មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​រំពឹង​ទុក​ថា​អង្គការ​យូណេស្កូ (UNESCO) នឹង​អាច​ផ្ដល់​ថវិកា​បន្ទាន់​មួយ​ចំនួន ដើម្បី​ជួយ​ស្រោច​ស្រង់​លើ​ដំណើរ​ការ​ជួស​ជុល​ដល់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​បាន​ទទួល​រង​ការ​បែក​បាក់​ដោយ​សារ​សង្គ្រាម​កាល​ពី​ពេល​ថ្មីៗ។
មន្ត្រី​ជាន់​ខ្ពស់​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​តំណាង​ពិសេស​របស់​អង្គការ (UNESCO) និង​តំណាង​អង្គ​ទូត​នានា​នៃ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​អង្គការ​បេតិកភណ្ឌ​ពិភព​លោក​មួយ​ចំនួន គ្រោង​នឹង​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ពិនិត្យ​មើល​ការ​ខូច​ខាត​នៃ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១ ខែ​មិនា ខាង​មុខ​នេះ។
គម្រោង​គណៈប្រតិភូ​ដែល​នឹង​ទៅ​ពិនិត្យ​មើល​នោះ បន្ទាប់​ពី​ប្រាសាទ​បូរាណ​ដែល​ជា​សម្បត្តិ​វប្បធម៌​នៃ​បេតិកភណ្ឌ​ពិភព​លោក​មួយ​នេះ បាន​ទទួល​រង​ការ​ខូច​ខាត​ជា​ច្រើន​កន្លែង ដោយសារ​គ្រាប់​កាំភ្លើង​ធំ​របស់​ទាហាន​ថៃ នៅ​ពេល​ប្រយុទ្ធ​គ្នា​ជា​មួយ​ទាហាន​ខ្មែរ​ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​នោះ​មក។
លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៥ ខែ​កុម្ភៈ​ថា លោក​កូអីជិរ៉ូ ម៉ាត​ស៊ូយូរ៉ា (Koichiro Matsuura) ដែល​ជា​តំណាង​ពិសេស​របស់​អគ្គ​នាយក​អង្គការ​យូណេស្កូ និង​តំណាង​ប្រទេស​ជា​សមាជិក​គណៈកម្មការ​របស់​អង្គការ​បេតិកភណ្ឌ​មួយ​ចំនួន​ទៀត មាន​គម្រោង​នឹង​ទៅ​ពិនិត្យ​មើល​ការ​ខូច​ខាត​នៃ​ប្រាសាទ​ព្រះវិហារ​ដោយ​ផ្ទាល់​ភ្នែក ៖ "តាម​គម្រោង​គឺ​ថ្ងៃ​ទី១ ខែ​មិនា ហ្នឹង​គឺ​នឹង​ហោះ​ហើរ​ទៅ​មាន​ទាំង​តំណាង​ពិសេស​របស់​អង្គ​ការ UNESCO ហ្នឹង​ហើយ​និង​អង្គ​ទូត​នានា​នៃ​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក ត្រង់​ចំនួន​អង្គ​ទូត​នឹង​អញ្ជើញ​ទៅ​ប៉ុន្មាន​នាក់​យើង​អត់​ទាន់​ដឹង​ទេ"។
ចំណែក​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​តំណាង​ពិសេស​របស់​អង្គការ UNESCO ដែល​មាន​គម្រោង​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ប្រាសាទ​ព្រះ​វិហារ​នោះ​គឺ​នឹង​ធ្វើ​ការ​ងារ​ផ្នែក​ការ​ទូត​ច្រើន​ជាង​ការ​ងារ​ផ្នែក​បច្ចេកទេស ៖ "ដែល​ឯកឧត្ដម​អញ្ជើញ​មក​តំណាង​លោក​ជំទាវ​អគ្គ​នាយក (UNESCO ) ហ្នឹង​គឺ​ការ​ងារ​ទូត​ច្រើន​ជាង​បច្ចេកទេស ដូច​ជា​យើង​បាន​ដឹង​ដែល​លោក​អញ្ជើញ​មក​ហ្នឹង​ដើម្បី​ស្ទាប​ស្ទង់​ស្ថាន​ការណ៍​នយោបាយ​របៀប​យ៉ាង​ម៉េច នៅ​ក្នុង​ការ​ងារ​ដែល​ជា​កាតព្វកិច្ច​ចែង​នៅ​ក្នុង​អនុសញ្ញា ឆ្នាំ​១៩៥៤ ក៏​ដូច​ជា​អនុសញ្ញា ឆ្នាំ​១៩៧២ ស្ដី​អំពី​ប្រសិទ្ធភាព​នៃ​ការ​ងារ​អភិរក្ស​ការ​ពារ​នៃ​សម្បត្តិ​វប្បធម៌ ក៏​ដូច​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នេះ​ឯង"។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក Koichiro Matsuura នឹង​មក​ដល់​ទីក្រុង​ភ្នំពេញ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ។ ការ​មក​ដល់​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា យ៉ាង​ហោច​ណាស់ លោក​មាន​គម្រោង​ជួប​ជា​មួយ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​លោក សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផង​ដែរ។
មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទទួល​បន្ទុក​ថែ​រក្សា និង​ការ​ពារ​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដង​រែក បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ ចំនួន ៤​ថ្ងៃ​ជាប់ៗ​គ្នា កា​ល​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ដោយ​សារ​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ទាហាន​ថៃ​បាន​បាញ់​កាំភ្លើង​ផ្លោង​ធុន​១៥៥​មីលី​ម៉ែត្រ ធុន​១៣០​មីលី​ម៉ែត្រ ១០៥​មីលី​ម៉ែត្រ និង​ធុន​គ្រាប់​បែក​ចង្កោម​ផង​ចំនួន​ជាង ៤១០​គ្រាប់ ចូល​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ បណ្ដាល​ឲ្យ​ធ្នឹម, ខឿន និង​ថ្ម​ប្រាសាទ​ខ្លះ​ត្រូវ​បំណែក​គ្រាប់​ផ្លោង​មាន​ស្នាម​បាក់​បែក​តូច​ធំ និង​ប្រេះស្រាំ​រាប់​ពាន់​កន្លែង។
មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​រំពឹង​ថា អង្គការ​យូណេស្កូ​នឹង​អាច​ផ្ដល់​ថវិកា​ជា​បន្ទាន់​មួយ ដើម្បី​ជួយ​ស្រោច​ស្រង់​លើ​ដំណើរ​ការ​ជួស​ជុល​ដល់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​បាន​ទទួល​រង​ការ​បែក​បាក់​ដោយ​សារ​សង្គ្រាម កាល​ពី​ពេល​ថ្មីៗ បើ​យោង​ទៅ​លើ​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដី​អំពី​ប្រសិទ្ធភាព​នៃ​ការ​ងារ​អភិរក្ស និង​ការ​ពារ​សម្បត្តិ​វប្បធម៌​ក៏​ដូច​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ UNESCO នោះ៕
Source: RFA